គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ជាសមាជិកា CAPPD និងជាហេរញ្ញិក AFPPD និង ឯកឧត្តម អ៊ុក ដាមរី សមាជិកគណៈកម្មការទី១០នៃរដ្ឋសភា និងជាអគ្គលេខាធិការ CAPPD ព្រមទាំងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋាន រដ្ឋសភាកម្ពុជា បានអញ្ជើញចូលរួមមហាសន្និបាតលើកទី១៣ នៃវេទិកាសមាជិកសភាអាស៊ី ដើម្បីប្រជាជន និងការអភិវឌ្ឍ(AFPPD) ដែល បានរៀបចំសន្និបាតប្រចាំឆ្នាំ តាមរយៈប្រព័ន្ធវីដេអូអនឡាញ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ដែលតភ្ជាប់ពីវិមានរដ្ឋសភានៃព្រះរាជា- ណាចក្រកម្ពុជា ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន។
របៀបវារៈនៃកិច្ចប្រជុំមាន៖
១-សុន្ទរកថាស្វាគមន៍របស់ សាស្ត្រាចារ្យ កៃហ្សូ តាកេមិ
២-សុន្ទរកថា លោកវេជ្ជបណ្ឌិត Bjorn Anderson នាយកប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក UNFPA និងឯកសារ ព្រមទាំងត្រូវធ្វើវិសោធនកម្ម ធម្មនុញ្ញ (AFPPD)
៣-បញ្ហាផ្សេងៗ អនុញ្ញាតដោយប្រធានមហាសន្និបាត
លោកជំទាវ ឡោក ខេង ប្រធានគណៈប្រតិភូរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្របេក្ខភាពជាហេរញ្ញិក សម្រាប់អាណត្តិថ្មីនេះ នឹងប្តេជ្ញាបន្តអនុវត្តភារកិច្ចនេះ ដើម្បីកិត្យានុភាព AFPPD ក៏ដូចជាលើកកម្ពស់តម្លៃតួនាទីសភាជារួមក្នុងអាណត្តិថ្មី នេះ ដែលទាមទារឲ្យយើងត្រូវរួបរួមគ្នា ដើម្បីប្រយុទ្ធនឹងសត្រូវរួមគឺជំងឺកូវីដ១៩។
លោកជំទាវបានបន្តទៀតថា ក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញភាពជាអ្នកដឹកនាំរឹងមាំ តែមានភាពទន់ភ្លន់ ដែលធានាបានទាំងសន្តិសុខ សុខភាពសាធារណៈ និងតុល្យភាពសេដ្ឋកិច្ច ព្រមទាំងចាក់វាក់សាំងជូនប្រជាពលរដ្ឋបានជិត៣០% គិតត្រឹម ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ។
លោកជំទាវ ឡោក ខេង បានមានប្រសាសន៍បន្ថែមថា សមាជិករដ្ឋសភា បានដើរតួនាទីយ៉ាងសំខាន់មួយក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ១៩ នៅក្នុងការបង្ការ ការពារ ការឆ្លងរាលដាល និងការជួយទំនុកបម្រុងជីវភាពតាមរយៈការសម្របសម្រួលជាមួយ ប្រជាពលរដ្ឋ និងការជំរុញការគាំទ្រពីសកម្មភាពមនុស្សធម៌។ លោកជំទាវ ប្រធានគណៈប្រតិភូរដ្ឋសភាកម្ពុជា បានថ្លែងកោតសរសើរដល់ សមាជិកសភាទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ហើយ AFPPD ក៏បានផ្សព្វផ្សាយពីកិច្ចការនេះ តាម យន្តការផ្សព្វផ្សាយនានា ដើម្បីផ្តល់កម្លាំងចិត្តក៏ដូចជាការលើកកម្ពស់តួនាទីសភាសម្រាប់កាលៈទេសៈ នៃវិបត្តិនេះ ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន