ក្នុងក្របខណ្ឌយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលសហការជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់មន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ តាមគោលការណ៍ស្ម័គ្រចិត្ត។
មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើននាក់ បានចុះឈ្មោះចាក់វ៉ាក់សាំង។ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា តំណាង អោយមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាល- ភាពប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នាពេលកន្លងមក និងបានកៀរគរ រកវ៉ាក់សំាង មកចាក់ជូនពលរដ្ឋតាមគ្រប់មធ្យោបាយ។
ឯកឧត្តម លើកឡើងថា វ៉ាក់សំាងមានសារសំខាន់ណាស់នាពេលបច្ចុប្បន្ននេះ នៅក្នុងការការពារអាយុជីវិតពលរដ្ឋនិងការស្តារសេដ្ឋកិច្ច សង្គមជាតិអោយល្អប្រសើរវិញ នៅក្រោយការរាតត្បាតជំងឺកូវីដ-១៩ នោះ។
រាជរដ្ឋាភិបាលគ្រោងចាក់វ៉ាក់សំាងជូនពលរដ្ឋឱ្យបាន១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋ ពលរដ្ឋទាំងអស់ ហើយនៅក្នុងយុទ្ធនាការ ទ្រង់ទ្រាយធំនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំឱ្យក្រសួងសុខាភិបាលចាក់វ៉ាក់សំាង ជូន ពលរដ្ឋអោយបានមួយលានដូសក្នុងមួយខែ។
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន