គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធាន គណៈកម្មការ សហការជាមួយ គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ បាន លើកយកសេចក្តីព្រាងច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងវិស័យអគ្គិសនី មកជួបប្រជុំពិនិត្យសិក្សាជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភា ទៅកាន់ក្រសួងរ៉ែ និងថាមពល។
សេចក្តីព្រាងច្បាប់ទាំង៤ រួមមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជា- ណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីខេត្ត បាត់ដំបង ទៅកាន់ព្រំដែនកម្ពុជា-ថៃ ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជា- ណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានី ភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា-ឡាវ ៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជា- ណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គិសនីពី ប្រទេសវៀតណាម ៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ មានសារៈសំខាន់ណាស់ ក្នុងការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនទាំង៤ ដែលបានដាក់ទុនវិនិយោគលើវិស័យអគ្គិសនី ដើម្បីចូលរួមចំណែកធ្វើឲ្យការផ្គត់ផ្គង់វិស័យថាមពលអគ្គិសនីនៅកម្ពុជាកាន់តែប្រសើរឡើង។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងអំណរគុណចំពោះគណៈកម្មការជំនាញរបស់រដ្ឋសភា ដែលបាន លើកយកសេចក្តីព្រាងច្បាប់ទាំង៤ យកមកធ្វើការពិនិត្យពិភាក្សាតាមប្រព័ន្ធវីដេអូនាថ្ងៃនេះ ដែលបង្ហាញអោយឃើញថា រដ្ឋសភាមាន ការយកចិត្តទុកដាក់លើតម្រូវការប្រើប្រាស់អគ្គិសនីរបស់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគគិនផេ្សងៗទៀត។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា បើតាមការព្យាករណ៍របស់អ្នកជំនាញថា បើពុំមានអ្វីប្រែប្រួលទេ កំណើននៃសេចក្តីត្រូវការអគ្គិសនីនៅកម្ពុជា នឹងបន្តកើនឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ មុននឹងថយចុះបន្តិចមកវិញ មកនៅក្បែរអត្រាកំណើន ប្រហាក់ប្រហែលនឹង ប្រទេសជិតខាង។ ស្ថិតក្នុងស្ថានភាពនេះ និងដើម្បីធានាសុវត្ថិភាពនិងសន្តិសុខនៃការផ្គត់ផ្គង់នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត រាជរដ្ឋាភិបាល បានអនុញ្ញាតអោយមានការអភិវឌ្ឍន៍ប្រភពអគ្គិសនីបន្ថែម ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០៣០ ស្របទៅតាមការព្យាករណ៍ពីសេចក្តីត្រូវការ អគ្គិសនីនេះ។
ក្រោយពីបានពិភាក្សាគ្នា និងស្ដាប់ការបកស្រាយនូវរាល់ចម្ងល់នានាពីតំណាងរាជរដ្ឋាភិបាលរួចមក គណៈកម្មការរដ្ឋសភាបានឯកភាព- គ្នាលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ទាំង៤ ដោយរក្សាទុកនូវខ្លឹមសារដើមទាំងស្រុង និងសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ទាំង៤នេះ ទៅ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រាប់ពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន