លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អនុប្រធាន ICAPP និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី និង ឯកឧត្តម ចូហ្សេ ដឺវេណេស្សា (Hon. Jose de Venecia) ប្រធានស្ថាបនិកអង្គការ ICAPP និងជាសហប្រធានស្ថាបនិក ACC បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រោមប្រធានបទស្តីពី «ការលើក កម្ពស់វប្បធម៌ និងនវានុវត្តន៍ សម្រាប់វិបុលភាពរួម ក្នុងអំឡុងពេល និងក្រោយកូវីដ-១៩» តាមប្រព័ន្ធវីដេអូអនឡាញ។
កិច្ចប្រជុំនេះ រៀបចំដោយក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) និងសន្និសីទអន្តរជាតិ នៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដោយ មានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់នៅក្នុងទ្វីបអាស៊ី និងតំណាងគណបក្សនយោបាយសំខាន់ៗក្នុងក្របខណ្ឌ ICAPP រួមជាមួយអ្នក សង្កេតការណ៍មកពីការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាគម្រោង (UNOPS) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងស្ថាប័ន ដទៃទៀត។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយស នៃក្រុម ប្រឹក្សាវប្បធម៌អាស៊ី បានផ្ញើរសារលិខិតសារអបអរសាទរចំពោះកិច្ចប្រជុំនេះ ដោយផ្តោតទៅលើការរួមគ្នាដើម្បីជំរុញកិច្ចសន្ទនា និងកិច្ច- សហប្រតិបត្តិការជាអន្តរជាតិលើការអភិវឌ្ឍ និងនវានុវត្តន៍ដោយមានវប្បធម៌ជាចលករ ដើម្បីសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកប- ដោយចីរភាព។
ឯកឧត្តម មហាម៉ាត់ យូសូស កាឡា អតីតអនុប្រធានាធីបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និង ឯកឧត្តម ខាកាប្រាសាដ សាម៉ា អូលី នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋនេប៉ាល់ ក៏បានផ្ញើរលិខិតអបអរសាទរផងដែរ។ ស្របពេលជាមួយគ្នានេះ ឯកឧត្តម អង់ដ្រេ ឃ្លីម៉ុស នៃគណបក្សរួបរួមរុស្ស៊ី និងជាអនុប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី បានបង្ហាញពីចេតនាចែករំលែកវ៉ាក់សាំង Covid-19 ចុងក្រោយរបស់ រុស្ស៊ីដល់សមាជិកនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី។
ឯកឧត្តម សួស យ៉ារ៉ា អគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី បានរាយការណ៍ជូនអង្គប្រជុំអំពីសមិទ្ធផលនានានៃក្រុមប្រឹក្សាវប្បធម៌អាស៊ី បន្ទាប់ពីបានរៀបចំកិច្ចប្រជុំលើកទីមួយរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅលើទឹកដីសៀមរាបអង្គរ ប្រកបដោយជោគជ័យ ក្រោមអធិបតី- ភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ កន្លងទៅ។
អង្គការយូណេស្កូ បានទទួលស្គាល់ថា «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» គឺជាដៃគូសហប្រតិបត្តិការដ៏ល្អមួយលើកិច្ចការវប្បធម៌ និងជាអង្គការ វប្បធម៌ក្នុងតំបន់ដំបូងគេ ដែលបាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរយៈវប្បធម៌។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី បាននិង កំពុងអនុវត្តន៍គម្រោងភូមិតេជោគំរូ១០០ ដើម្បីលើកកម្ពស់វប្បធម៌សន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព ការតភ្ជាប់មនុស្សជាតិ និង នវានុវត្តន៍។ គម្រោងនេះត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ហិរញ្ញប្បទាន ដើម្បីអនុវត្តជំហានសាកល្បងនៅក្នុងភូមិចំនួនពីរនៅកម្ពុជា ក្នុងរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។
ក្រោយពីមានការពិភាក្សាយ៉ាងផុលផុសទៅលើប្រធានបទវប្បធម៌ និងនវានុវត្តន៍ សម្រាប់វិបុលភាពរួម ក្នុងអំឡុងពេល និងក្រោយកូវីដ- ១៩ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌លើកទី២ បានអនុម័តជាឯកច្ឆន្ទនូវសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដែលបានសង្កត់ធ្ងន់ទៅលើចំណុច សំខាន់ៗដូចជា៖
១-ការប្តេជ្ញារបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ក្នុងការកៀរគរធនធានដើម្បីបង្កើនភាពសម្បូរបែបនៃវប្បធម៌ធ្វើជាចលករ ដើម្បីកសាងសេដ្ឋ- កិច្ចឡើងវិញឱ្យកាន់តែរឹងមាំ ក្រោយការរីករាលដាលនៃជំងឺកូវីដ១៩។
២-ការទទួលស្គាល់នូវភាពចាំបាច់ ដើម្បីជំរុញការវិនិយោគបន្ថែមទៀត ទៅលើការច្នៃប្រឌិត និងការអភិវឌ្ឍ ដែលជំរុញដោយវប្បធម៌ រួមទាំងកិច្ចសហការអន្តរជាតិដើម្បីជំរុញវិស័យច្នៃប្រឌិតវប្បធម៌ដើម្បីភាពរុងរឿងរួមគ្នា។
៣-កិច្ចសហប្រតិបត្តិការ ក្នុងការប្រារព្ធព្រឹត្តិការណ៍វប្បធម៌ជាសាធារណៈ តាមរយៈប្រព័ន្ធអ៊ីនធឺណែត ឬការជួបគ្នាដោយផ្ទាល់ ដោយ ផ្តោតលើគំនិតផ្តួចផ្តើមវប្បធម៌ រួមមានការរត់ម៉ារ៉ាតុងវប្បធម៌ គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ គម្រោងផ្លូវសូត្ររបស់អង្គការយូណេស្កូ និងគម្រោងដទៃទៀតក្នុងចំណោមប្រទេសជាសមាជិក ដើម្បីលើកកម្ពស់សន្តិភាពយូរអង្វែង ភាពសុខដុម និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ក៏បានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាវប្បធម៌អាស៊ី ធ្វើការឱ្យកាន់តែជិតស្និទ្ធ ជាមួយលេខាធិការដ្ឋាន ICAPP សមាជិក ICAPP ក្រុមបញ្ញាវ័ន្ត អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល សាជីវកម្មឯកជន ដើម្បីអនុវត្តនូវការប្តេជ្ញាចិត្តដែលបានរៀបរាប់ ខាងលើ និងស្វែងរកគម្រោងប្រកបដោយនវានុវត្តន៍នានា ដូចជា គម្រោងភូមិតេជោគំរូ១០០ ដើម្បីសម្រេចបាននូវកំណើនបៃតង ការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងវិបុលភាពរួមគ្នាសម្រាប់មនុស្សជាតិ ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន








