សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភា និងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ទាក់ទងនឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ និងសន្ធិសញ្ញាស្ដីពីបត្យាប័ន ជាមួយប្រទេសជាមិត្ត
រដ្ឋសភា និងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ទាក់ទងនឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ និងសន្ធិសញ្ញាស្ដីពីបត្យាប័ន ជាមួយប្រទេសជាមិត្ត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/11/2020 2:50:15 AM )

គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ សហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ដែលមាន ឯកឧត្តម ទី សុគន្ធ ជាតំណាង រួមជាមួយតំណាងមកពីគណៈកម្មការផ្សេងៗទៀតនៃរដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានជួបប្រជុំ ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហការី នៅវិមានរដ្ឋសភា ដោយបានលើក យកសេចក្ដីព្រាងច្បាប់ចំនួន៣ មកធ្វើការពិនិត្យសិក្សាជាមួយគ្នា។

សេចក្តីព្រាងច្បាប់ចំនួនបីរួមមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែក ច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីបត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលបារាំង ៣-និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី បត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយជាតិមួយគឺយុទ្ធសាស្រ្តចតុកោណដំណាក់- កាលទី៤ ដែលក្នុងនោះការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាភារកិច្ចដ៏មានសារៈសំខាន់និងចាំបាច់បំផុត បន្ថែមលើភារកិច្ច ស្នូលរបស់ក្រសួងយុត្តិធម៌ ហើយក៏ស្ថិតនៅក្នុងវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលបាន យកចិត្តទុកដាក់ ក្នុងកិច្ចធានាដល់ការអភិវឌ្ឍជាតិ នៅក្នុងនីតិកាលទី៦នៃរដ្ឋសភា។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការកសាងច្បាប់ គឺជាកិច្ចការដែលក្រសួងយុត្តិធម៌មាន ការយកចិត្តទុកដាក់ខ្ពស់ ដូចជាការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ទាំងបីនេះជាដើម គឺក្រសួងបានធ្វើការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិនិត្យផ្ទៀងផ្ទាត់ធ្វើយ៉ាងណាឲ្យសមស្របតាមច្បាប់ជាតិនៃប្រទេសភាគីនីមួយៗ និងស្របតាម ច្បាប់អន្តរជាតិផងដែរ។

ឯកឧត្តម កើត រិទ្ធ បានបន្ថែមថា ក្នុងសេចក្តីច្បាប់ទាំងនេះគឺបានកំណត់ឲ្យភាគីនៃប្រទេសដែលពាក់ព័ន្ធនីមួយៗជួយគ្នា សហការគ្នា ខាងផ្លូវច្បាប់ និងមានភារកិច្ចធ្វើបត្យាប័នទៅភាគីម្ខាងទៀត នូវជនទាំងឡាយណាដែលត្រូវបានរកឃើញនៅលើទឹកដីនៃភាគីណាមួយ ហើយកំពុងត្រូវគេតាមចាប់ខ្លួន ដើម្បីធ្វើការចោទប្រកាន់ ធ្វើការជំនុំជម្រះក្តី ឬអនុវត្តទណ្ឌកម្ម តាមទោសកំណត់នៅលើទឹកដីរបស់ភាគី ម្ខាងទៀត ចំពោះករណីមានបទល្មើសណាមួយ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការ បានសម្តែងការគាំទ្រចំពោះសេចក្តីព្រាងច្បាប់បីនេះ ដោយបាន លើកឡើងថា សេចក្តីព្រាងច្បាប់ខាងលើពិតជាមានសារៈសំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាព រវាងប្រទេសទាំងបី ដែលពាក់ព័ន្ធ ក្នុងការលុបបំបាត់ឧក្រិដ្ឋកម្ម ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យគ្នាទៅវិញទៅមក សមភាព និងផលប្រយោជន៍ ទាំងសងខាង។

ឯកឧត្តមប្រធានគណៈកម្មការបន្តថា សេចក្តីព្រាងច្បាប់នេះ ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការចូលរួមយ៉ាងសកម្ម ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ ព្រមទាំងការប្រឆាំង បទល្មើសក្នុងវិស័យព័ត៌មានវិទ្យាជាដើម។ ម៉្យាងទៀតដើម្បីឆ្លើយតបទៅនឹងការជឿនលឿននៃវិទ្យាសាស្រ្ត ចាំបាច់ត្រូវពង្រឹង និងបង្កើត រាល់លិខិតបទដ្ឋានគតិយុត្តដោយផ្តោតសំខាន់ទៅលើច្បាប់។

ក្រោយពីការពិភាក្សាគ្នាគ្រប់ជ្រុងជ្រោយរួចមក គណៈកម្មការរដ្ឋសភាបានសម្រេចថា នឹងបញ្ជូនសេចក្តីព្រាងច្បាប់ទាំងបីនេះ ជូនទៅ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ធ្វើការពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។

សូមជម្រាបថា សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី មាន ២៤មាត្រា។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី បត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលបារាំង មាន ២៥មាត្រា។ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ សន្ធិសញ្ញាស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ មាន ២៥មាត្រា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន