លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីកម្ម និងសំណង់ នៃរដ្ឋសភា បានថ្លែងកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំយកចិត្តទុក- ដាក់បំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរ ខេត្តពោធិ៍សាត់ ក្នុងការជួយដោះស្រាយនូវរាល់បញ្ហានានាជូន ប្រជាពលរដ្ឋបានទាន់ពេលវេលា និងបានធ្វើឲ្យជីវភាពពលរដ្ឋល្អប្រសើរជាលំដាប់។
ការកោតសរសើររបស់សមាជិករដ្ឋសភានេះ ធ្វើឡើងនៅក្នុងឱកាសប្រតិភូគណៈកម្មការជំនាញរដ្ឋសភា ចុះសិក្សាស្វែងយល់ពីវិស័យ ការងារដែលគណៈកម្មការទទួលបន្ទុកនៅក្នុងខេត្ត ហើយបានស្តាប់សេចក្តីរាយការណ៍របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ- អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងបានចុះពិនិត្យមើលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើននៅក្នុងខេត្ត។
នៅក្នុងជំនួបពិភាក្សាការងាររវាង លោកជំទាវ និន សាផុន និង ឯកឧត្តម ម៉ៅ ធនិន នៅក្នុងសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ផ្អែកតាមយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាល រដ្ឋបាលខេត្តពោធិ៍សាត់ បានកសាងសមិទ្ធផលលើគ្រប់វិស័យ និងបានដោះស្រាយ បញ្ហាប្រឈមមួយចំនួនជូនប្រជា- ពលរដ្ឋបានទាន់ពេលវេលា។
ឯកឧត្តមបន្តថា ការអភិវឌ្ឍន៍លើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទូទាំងខេត្តកន្លងទៅនេះ កងកម្លាំងគ្រប់ប្រភេទខិតខំថែរក្សា ការពារសុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ។ និយាយជារួម ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅ ហើយការ ប្រកបមុខរបរចិញ្ចឹមជីវិត កាន់តែមានជីវភាពធូរធាឡើង។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ការវិនិយោគវិញ នៅក្នុងខេត្ត មានដី សម្បទានសេដ្ឋកិច្ចសម្រាប់ដំណាំកសិ-ឧស្សាហកម្ម បានធ្វើឲ្យខេត្តមានសមត្ថភាព ក្នុងការកសាងអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងផ្នែក អាណាចក្រ និងពុទ្ធចក្រ។
“អាជ្ញាធរខេត្តពោធិ៍សាត់ បានចុះធ្វើការអប់រំដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយកន្លងមកប្រជាពលរដ្ឋខ្លះ ដែលមានជម្លោះដីធ្លី ខ្លះមានបញ្ហាបំណុល ជម្លោះក្នុងក្រុមគ្រួសារ ជាដើមនោះ ត្រូវបានថ្នាក់ដឹកនាំខេត្តរៀបចំវេទិកាសាធារណៈ ដើម្បី ដោះស្រាយ ប្រកបដោយភាពសុក្រិត ស្មោះត្រង់” នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ម៉ៅ ធនិន។
លោកជំទាវ និន សាផុន បានថ្លែងការកោតសរសើរចំពោះការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ដែលបានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុង ខេត្តពោធិ៍សាត់ទំាងមូលទទួលបានការអភិវឌ្ឍ រស់នៅប្រកបដោយជីវភាពសមរម្យ ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។
លោកជំទាវបានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ចូលរួមលើកកម្ពស់ការទប់ស្កាត់ការរីករាល- ដាលនៃជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។
ក្រោយពីបញ្ចប់ជំនួបពិភាក្សានេះ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភាបានបន្តដំណើរចុះពិនិត្យ ទំនប់ទឹកលេខ៣ ទំនប់ទឹកលេខ៥ ស្ថិត ក្នុងស្រុកភ្នំក្រវាញ និងប្រព័ន្ធធារាសាស្ត្រ ដំណាក់អំពិល ស្ថិតនៅស្រុកតាលោសែនជ័យ ដែលជាស្រុកទើបបង្កើតថ្មី ក្នុងខេត្ត ពោធិ៍សាត់។ ទំនប់ទឹកនេះ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មបាននៅរដូវវស្សា និងនៅរដូវប្រាំង៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន