រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភាស្វែងយល់ពីវិស័យសុខាភិបាលនិងការប្រើប្រាស់បណ្ណ(បសស) បណ្ណសមធម៌ និងគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រ នៅខេត្តរតនគិរី
គណៈកម្មការរដ្ឋសភាស្វែងយល់ពីវិស័យសុខាភិបាលនិងការប្រើប្រាស់បណ្ណ(បសស) បណ្ណសមធម៌ និងគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រ នៅខេត្តរតនគិរី
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/29/2020 9:45:01 PM )

គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទារ ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ រួមជាមួយ លោកជំទាវ ត្រឹង ថាវី អនុប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា និង ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និង ឯកឧត្តម សុខ ហម សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងប្រធានមន្ទីរ ជំនាញពាក់ព័ន្ធដែលស្ថិតក្រោមការទទួលបន្ទុករបស់គណៈកម្មការ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងសាលប្រជុំសាលា ខេត្តរតនគិរី។

លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការ បានមានប្រសាសន៍ថា កិច្ចពិភាក្សាការងារនាពេលនេះគឺក្នុងគោលបំណង សិក្សា ស្វែងយល់ពីស្ថានភាពភូមិសាស្ត្រ និងប្រមូលព័ត៌មានមួយចំនួនពាក់ព័ន្ធនិងវិស័យទទួលបន្ទុករបស់គណៈកម្មការ ជាពិសេសចង់ដឹងអំពី ប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់ វឌ្ឍនភាពការងារ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជា- ពលរដ្ឋ ជាពិសេសចង់ស្វែងយល់ពីយន្តការក្នុងប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) សម្រាប់មន្ត្រីរាជការ និវត្តន៍ជន និងកម្មករ កម្មការិនី និងប័ណ្ណមូលនិធិសមធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រក្នុងកំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខេត្តបានសម្រេចសមិទ្ធិផលជាច្រើនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាននិងសំណង់ផ្សេងៗ បានធ្វើឲ្យ ខេត្តកែបប្រែមុខមាត់ថ្មី ដោយបានជំរុញសេដ្ឋកិច្ចខេត្តឲ្យមានកំណើនឡើងគួរឲ្យកត់សម្គាល់។

ទាក់ទងនឹងវិស័យសុខាភិបាល ឯកឧត្តមអភិបាលខេត្តលើកឡើងថា បច្ចុប្បន្នខេត្តមានមន្ទីរពេទ្យបង្អែកចំនួន០២ មណ្ឌលសុខភាពចំនួន ២៧។ ខេត្តបានខិតខំយកចិត្តទុកដាក់ពង្រីក និងពង្រឹងគុណភាពក្នុងការផ្តល់សេវាផ្នែកសុខាភិបាលនៅគ្រប់កម្រិត ដើម្បីធានាការទទួល និងពិនិត្យព្យាបាលជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធិភាព។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺខេត្តបានពង្រាយក្រុមគ្រូពេទ្យនៅតាមច្រកចូល ខេត្ត ដើម្បីតាមដាន និងត្រួតពិនិត្យអ្នកដំណើរមុននឹងឆ្លងកាត់ចូលខេត្ត ព្រមទាំងបានចុះផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋគ្រប់ មូលដ្ឋាន ដោយការចាក់ឧបករណ៍ឧគ្ឃោសនស័ព្ទ ផ្សព្វផ្សាយ ពីវិធានការការពារដែលណែនាំដោយក្រសួងសុខាភិបាល ដោយត្រូវ ពាក់ម៉ាស់ លាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬទឹកអាល់កុលជាដើម។ ទន្ទឹមនឹងនោះដែរ ខេត្តក៏បានធ្វើការផ្សព្វផ្សាយការយល់ដឹងពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍វ័យក្មេងតាមសហគមន៍ និងការបញ្ជ្រាបការយល់ដឹងពីយេនឌ័រ ពង្រឹងភាពអង់អាចដល់ស្ត្រីក្នុងការលើកកម្ពស់សមធម៌ក្នុងសង្គម។

ឯកឧត្តម ថង សាវុន បានមានប្រសាសន៍ទៀតថា ខេត្តក៏បានអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារស្ត្រីមានផ្ទៃពោះ កុមារមានអាយុក្រោម២ឆ្នាំ គ្រួសារងាយរងគ្រោះ និងក្រុមគ្រួសារក្រីក្រ១ ក្រីក្រ២ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និង ចែកជូននៅប័ណ្ណមូលិធិសមធម៌ដល់គ្រួសារក្រីក្រ ថែមទាំងបានធ្វើការផ្សព្វផ្សាយពី ការប្រើប្រាស់ប័ណ្ណ (ប.ស.ស) ដល់មន្ត្រីរាជការ បងប្អូនកម្មករ កម្មការិនីនៅតាមរោងច្រកសហគ្រាស សិប្បកម្ម អាជីវកម្ម និងគ្រឹស្ថាននានា អោយយល់ដឹងច្បាស់លាស់ពីសារៈសំខាន់ នៃប័ណ្ណនេះថែមទៀតផង។

ជាមួយគ្នានោះរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន និងបានស្នើសុំអោយគណៈកម្មការ ជួយធ្វើអន្តរាគមន៍ដោះស្រាយផង។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធរួចមក លោកជំទាវ ឡោក ខេង បានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ លោកជំទាវបន្ថែមថា ខេត្តរតន- គីរីមានសក្ដានុពលលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលបានជំរុញឲ្យខេត្តនេះ កាន់តែមានសន្ទុះសេដ្ឋកិច្ចកើនឡើងបានល្អ ប្រសើរឡើងជាលំដាប់។

លោកជំទាវប្រធានបានស្នើដល់អាជ្ញាធរខេត្តជួយពង្រឹងការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ច្បាស់ ពីការអនុវត្តគោលនយោបាយឧបត្ថម្ភ ថវិកាដល់គ្រួសារក្រីក្រ១ និងក្រីក្រ២ ក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងគោលនយោបាយឧបត្ថម្ភថវិកាដល់ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ០២ឆ្នាំ ដែលទាមទារឲ្យមានការសហការគ្នាយ៉ាងស្អិតរមួតពីអាជ្ញាធរគ្រប់កម្រិត ដើម្បីទទួលបានពត័មានច្បាស់- លាស់ពីប្រធានភូមិ និងមេឃុំ។ លោកជំទាវបានជំរុញឲ្យខេត្តត្រូវធ្វើការផ្សព្វផ្សាយ និងមានវិធីសាស្ត្រថ្មីៗបន្ថែមទៀត ក្នុងការទប់ស្កាត់ ជំងឺកូវីដ-១៩ ដល់សហគមន៍ និងជួយផ្សព្វផ្សាយ លើកផ្លាកសញ្ញាស្ដីពីការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ព្រោះជំងឺនេះបានសម្លាប់ មនុស្សក្នុងមួយថ្ងៃៗ១៦៦នាក់ ដែលនេះជាតួលេខក្នុងឆ្នាំ២០១៥។

បន្ទាប់មកប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភា ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមកទទួលសេវាសុខាភិបាល នៅក្នុងមន្ទីរពេទ្យ បង្អែកខេត្តរតនគិរីផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន