មុនមួយថ្ងៃនៃទិវាឯករាជ្យជាតិ៩វិច្ឆិកា គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភា ចូលរួមដាក់កម្រងផ្កានៅវិមានឯករាជ្យ និង គោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ព្រះបរមរូប ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅរសៀលថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
ជារៀងរាល់ឆ្នាំ មុនថ្ងៃបុណ្យទិវាឯករាជ្យជាតិ៩វិច្ឆិកា ថ្នាក់ដឹកនាំសមាជិក សមាជិការដ្ឋសភាទាំងអស់ ចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យដ៏ឧត្តុង្គឧត្តម នៃព្រះបរមរតនកោដ្ឋ និងតែងតែអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ និង ថ្វាយកម្រងផ្កា នៅព្រះបរមរូបរបស់ព្រះបរមរតនកោដ្ឋ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ព្រឹកស្អែកនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងសមាជិក សមាជិកានៃរដ្ឋសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងអញ្ជើញចូលរួមដង្ហែ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងប្រទានភ្លើងជ័យ អបអរសាទរទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ដែល ជាខួបលើកទី៦៦ នៅវិមានឯករាជ្យ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន