បន្ទាប់ពីបានពិនិត្យសិក្សាផ្ទៃក្នុងអន្តរគណៈកម្មការទៅលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ សន្ធិសញ្ញាបំពេញបន្ថែមលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម កាលពីពេលថ្មីៗកន្លងមក គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដែលមាន ឯកឧត្តម ហ៊ុន ណេង ជាប្រធាន សហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន និង គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ដោយមានការចូលរួមពីតំណាងគណៈកម្មការផ្សេងៗទៀតនៃរដ្ឋសភាផងនោះ បានអញ្ជើញ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា និងសហការី មកកាន់វិមានរដ្ឋសភា ដើម្បីពិនិត្យ ពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ខាងលើនេះបន្ថែមទៀត នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ។
ឯកឧត្តម វ៉ា គឹមហុង បានជម្រាបជូនគណៈកម្មការជំនាញរដ្ឋសភាថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងសុឆន្ទៈ ដើម្បីសម្រេចបាន ការកំណត់ព្រំដែនច្បាស់លាស់ ជាមួយប្រទេសជិតខាង ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីគ្នា ទៅវិញទៅមក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីសុភមង្គល និងភាពរុងរឿងរបស់ប្រជាជាតិ នៃប្រទេសទាំងពីរ និងដើម្បីបង្កើនទំនាក់ទំនងជិតខាងល្អ សាមគ្គីភាពជាប្រពៃណី ដែលនាំមកនូវព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រឹងមាំ ស្របតាមគោលការណ៍ច្បាប់ និងការអនុវត្តជាអន្តរជាតិ ស្តីពីខ្សែព្រំដែនមិនកែប្រែនៅពេលដែល កម្ពុជាបានឯករាជ្យ។
ឯកឧត្តមប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានចុះ ហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ ព្រំដែនរដ្ឋឆ្នាំ១៩៨៥ នៅរដ្ឋធានី ហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី១០ ខែតុលា ២០០៥។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ឈរលើមូលដ្ឋាននៃសន្ធិសញ្ញាបំពេញបន្ថែមខាងលើ ប្រទេសទាំងពីរ កម្ពុជា និងវៀតណាម បានដំណើរការចុះបោះបង្គោលនិងខណ្ឌសីមាព្រំដែនគោក នៅលើដីជាក់ស្តែងពីខេត្តរតនគិរី ដល់ខេត្តកំពត ចាប់ពីខែមិថុនា ឆ្នាំ២០០៦ ដល់ខែកក្កដា ឆ្នាំ២០១៩ សម្រេចបានលទ្ធផល៨៤% នៃបង្គោលព្រំដែនដែលមានចំនួន៣៧៥បង្គោល លើដីជាក់ស្តែងដែលបានបោះនៅ តាមបណ្តោយខ្សែព្រំដែនរួមរវាងប្រទេសទាំងពីរ ដែលមានប្រវែងប្រមាណជាង ១២៧០ គីឡូម៉ែត្រ។
ក្រៅពីសមិទ្ធផលដែលសម្រេចបាននៅលើដីជាក់ស្តែងខាងលើ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេស ទាំងពីរ បានបញ្ចប់សេចក្តីព្រាងសន្ធិសញ្ញាបំពេញបន្ថែមលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ដែលតទៅហៅថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ ហើយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម បានចុះ ហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩នេះ នៅរដ្ឋធានីហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។
បន្ទាប់ពីបានជជែកពិភាក្សាយ៉ាងល្អិតល្អន់ និងស្ដាប់ការបកស្រាយពន្យល់លើចំណុចនានា ដែលគណៈកម្មការជំនាញនៃរដ្ឋសភាបាន សាកសួររួចមក ឯកឧត្តម ហ៊ុន ណេង ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះវត្តមានរបស់ ឯកឧត្តម វ៉ា គឹមហុង និងសហការី ដែលបានអញ្ជើញចូលរួមប្រជុំជាមួយគណៈកម្មការជំនាញរបស់រដ្ឋសភានាពេលនេះ។
ឯកឧត្តម ហ៊ុន ណេង បានបញ្ជាក់ថា គណៈកម្មការជំនាញនៃរដ្ឋសភា សូមគាំទ្រ ហើយសម្រេចថា នឹងបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ សន្ធិសញ្ញាបំពេញបន្ថែមលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីចាត់ចែងទៅតាម នីតិវិធីរបស់រដ្ឋសភាបន្តទៀត។
សូមជម្រាបថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩នេះ មានគោលបំណង ដើម្បីរក្សាការគ្រប់គ្រងដដែល លើផ្ទៃដីស្រែចំការរបស់ ប្រជាពលរដ្ឋ ដែលបាននិងកំពុងរស់នៅដាំដុះ បង្កបង្កើនផល ក្នុងគោលដៅធានាបានស្ថិរភាពរបស់ប្រជាជននៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ និងដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យ។ ដើម្បីជំនះធ្វើបញ្ចប់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឲ្យបានឆាប់រវាងប្រទេសទាំងពីរ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម បានឯកភាព កែសម្រួលខ្សែព្រំដែនពីផែនទីបោនខ្នាត ១/១០០០០០ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន មកតាមការគ្រប់គ្រងកាន់កាប់ជាក់ស្ដែង របស់ប្រជាពលរដ្ឋទាំងសងខាងខ្សែព្រំដែន ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្ដល់ភាពសុខសាន្តដល់ប្រជាពលរដ្ឋ ដែលរស់នៅតាម បណ្ដោយព្រំដែននៃប្រទេសទាំងពីរឲ្យបន្តគ្រប់គ្រងលើដីធ្លីស្រែចំការ ដែលបាននិងកំពុងអាស្រ័យផលទាំងនោះជាបន្តទៀត។
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន