ក្នុងឱកាសទទួលជួបសវនាការជាមួយ ឯកឧត្តម ណាហ្សមុល កាវនិន (Md. Nazmul Quaunine) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋ ប្រជាមានិតបង់ក្លាដេស ប្រចំាព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយបណ្តាក្រសួង ស្ថាប័ននានា របស់កម្ពុជា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ឲ្យកាន់តែស្អិតរមួតថែមទៀត។ ចំពោះរដ្ឋសភា បានត្រៀមខ្លួន ជាសេ្រចក្នុងការធ្វើកិច្ចសហប្រតិបត្តិការពេញលេញ ដើម្បីឲ្យបេសកកម្មការទូតរបស់ ឯកឧត្តម ណាហ្សមុល កាវនិន នៅកម្ពុជាទទួល បានជោគជ័យ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សម្តេចចង់ឃើញប្រទេសទំាងពីរកម្ពុជា-បង់ក្លាដេស បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។
ឯកឧត្តម ណាហ្សមុល កាវនិន បានអបអរសាទរចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានដឹកនាំរដ្ឋសភាជាថ្មីទៀត នៅក្នុងអាណត្តិថ្មីនេះ។ ឆ្លងតាមបទពិសោធន៍ដឹកនាំ កសាងប្រទេស ជាពិសេសការដឹកនាំស្ថាប័ននីតិប្បញ្ញត្តិជាច្រើនឆ្នាំមកនោះ ឯកឧត្តម ណាហ្សមុល កាវនិន មានជំនឿមុតមាំថា សម្តេចនឹងនាំមកនូវភាពជោគជ័យថ្មីៗជាច្រើនទៀត ជូនដល់ប្រទេស និងរដ្ឋសភា កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្នើសុំសម្តេច ជួយជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ច រវាងក្រុមមិត្តភាពរដ្ឋសភាកម្ពុជា និង បង់ក្លាដេស។ ពិសេសដំណើរទស្សនកិច្ចក្រុមមិត្តភាពសភាកម្ពុជា-បង់ក្លាដេស ទៅកាន់ប្រទេសបង់ក្លាដេស ក្នុងពេលសមស្របណា មួយ។
ឯកឧត្តម ណាហ្សមុល កាវនិន បានពាំនាំការគោរពអញ្ជើញរបស់ប្រធានរដ្ឋសភាបង់ក្លាដេស គោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅបង់ក្លាដេសផងដែរ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទំាងពីរ ដែលកើតមានតំាងពីសម្តេច ព្រះបរមរតនកោដ្ឋ និងអតីតនាយករដ្ឋមន្រ្តីបង់ក្លាដេស មកម្ល៉េះ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ នាយករដ្ឋមន្រ្តីប្រទេសទំាងពីរបានបន្ត វប្បធម៌ដ៏ល្អនោះ ក្នុងនោះថ្នាក់ដឹកនាំបង់ក្លាដេសបានសម្រេចយក ព្រះនាមសម្តេចព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ ដាក់ឈ្មោះ មហាវិថីមួយនៅប្រទេសបង់ក្លាដេស។ ហើយកម្ពុជាបានសម្រេចយកឈ្មោះអតីតនាយករដ្ឋមន្រ្តីបង់ក្លាដេស ដាក់ឈ្មោះមហាវិថីមួយ ដែរ។
ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជា និងបង់ក្លាដេស មានអតីតកាលប្រហាក់ប្រហែលគ្នា ឆ្លងកាត់សង្រ្គាម និងពេលបច្ចុប្បន្នបានទទួល ស្គាល់នូវសន្តិភាព និងការអភិវឌ្ឍដូចគ្នា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលយកសំណើខាងលើ និងបានគូសបញ្ជាក់ថា សម្តេចនឹងខិតខំជំរុញ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយ។ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចបានគោរពអញ្ជើញលោកជំទាវប្រធានរដ្ឋសភាបង់ក្លាដេស មកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំភាពជាដៃគូសភា អាស៊ី- អឺរ៉ុប(ASEP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅចុងឆ្នាំ២០២០ ខាងមុខផងដែរ។
សម្តេចប្រធានរដ្ឋសភា បានបង្ហាញការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង និងអនុស្សរណៈជាមួយគ្នាលើវិស័យអទិភាពជាច្រើន ជាពិសេសការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរជាតិ នានា សំដៅនំាមកនូវឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង និងរួមចំណែកយ៉ាងធំធេងដល់ការការពារ និងថែរក្សាសុខសន្តិភាព ក្នុងតំបន់ និងសកលលោក នៅក្នុងបរិបទសភាពការណ៍សកលលោកប្រែប្រួលមិនទៀងទាត់ដូចសព្វថ្ងៃ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន