សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ ព្រមទំាងបុត្រាបុត្រី ចៅប្រុសចៅស្រី និងមន្រ្តីរាជការជាច្រើន បានចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ តាមគន្លងប្រពៃណីនិងសាសនា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ បានរាប់បាត្រ ប្រគេនទេយ្យទាន និងបច្ច័យ ចំពោះព្រះសង្ឃ ដែលគង់ចាំ ព្រះវស្សា និងសម្រាប់ការសាងសង់សមិទ្ធផលនានា ក្នុងវត្តក្រពើហា ដោយសទ្ធាជ្រះថ្លាជាទីបំផុត។ សម្តេចបានឧទ្ទិសកុសលផលបុណ្យ ដែលកើតមាននៅក្នុងឱកាសនេះ ជូនចំពោះបុព្វការីជន វីរៈជនស្នេហាជាតិទំាងអស់ ដែលបានចែកឋានទៅហើយ បានជួបតែបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ សម្តេចបានបួងសួងចំពោះព្រះរតនត្រ័យ សូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិ ជួបតែសេចក្តីសុខ និងការរីកចម្រើន ជារៀងរហូតទៅ។
សូមជម្រាបថា ភ្ជុំបិណ្ឌជាពិធីបុណ្យសាសនាប្រចាំឆ្នាំធំមួយ ដែលប្រជាពលរដ្ឋបានប្រារព្ធធ្វើ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ តំាងពីបុរាណកាលមក។ ក្រោមម្លប់សុខសន្តិភាព បច្ចុប្បន្នកម្ពុជាមានវត្តអារាមជិត៥ពាន់ ព្រះសង្ឃប្រមាណ៧ម៉ឺនអង្គ នៅទូទាំងប្រទេស ជាស្រែបុណ្យ សម្រាប់ប្រជាពុទ្ធបរិស័ទ គោរពសក្ការៈ ធ្វើបុណ្យទាន៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន