ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការសង្គមកិច្ចរដ្ឋសភា ចុះបេសកកម្មតាមខេត្ត ដើម្បីជំរុញការផ្សព្វផ្សាយពីការប្រើប្រាស់ប័ណ្ណ ប.ស.ស និងប័ណ្ណសមធម៌
គណៈកម្មការសង្គមកិច្ចរដ្ឋសភា ចុះបេសកកម្មតាមខេត្ត ដើម្បីជំរុញការផ្សព្វផ្សាយពីការប្រើប្រាស់ប័ណ្ណ ប.ស.ស និងប័ណ្ណសមធម៌
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/9/2019 12:25:38 AM )

គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញទៅសិក្សាស្វែងយល់ពីវិស័យការងារ នៅខេត្ត កំពង់ចាម នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី ជាប្រធានមន្ទីរពាក់ព័ន្ធ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថា បេសកកម្មរបស់គណៈកម្មការនៅខេត្តកំពង់ចាមនាពេលនេះ ក្រៅពីសិក្សាស្វែងយល់ពីសមិទ្ធផល ការងារ ការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត និងបញ្ហាប្រឈមដែលខេត្តបានជួបប្រទះហើយនោះ គណៈកម្មការក៏ស្នើ សុំឲ្យអាជ្ញាធរខេត្ត ជំរុញការផ្សព្វផ្សាយ ការប្រើប្រាស់ប័ណ្ណ(ប.ស.ស) និងប័ណ្ណសមធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រ មន្រ្តីរាជការ និងកម្មករ កម្មការិនីនៅតាមរោងចក្រនានា នៅក្នុងខេត្ត កំពង់ចាមឲ្យកាន់តែទូលំទូលាយថែមទៀត។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍បន្តថា គណៈកម្មការទី៨នៃរដ្ឋសភា ក៏ចង់ដឹងឲ្យបានគ្រប់ជ្រុងជ្រោយពីការអនុវត្តន៍ច្បាប់ ព្រមទាំង គោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបួនរបស់រាជរដ្ឋាភិបាល ពិសេសលើវិស័យទាំងបួន ដែលគណៈកម្មការទទួលបន្ទុក ដើម្បីជំរុញ ការអភិវឌ្ឍសង្គម បម្រើសេវាសុខភាព និងសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរថែមទៀត។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៏ថា អនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់ រាជរដ្ឋាភិបាល ខេត្តបានខិតខំធ្វើការកែទម្រង់គ្រប់ផ្នែកទាំងអស់ ដោយបានបន្តជំរុញអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់អភិបាលកិច្ច ល្អនៃស្ថាប័នរដ្ឋ ពង្រឹងយុត្តិធម៌ និងសមធម៌ ក្នុងការអភិវឌ្ឍប្រទេសជាតិ ដោយទទួលបានការអបអរសាទរពី សំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយសារប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការថែរក្សាសន្តិសុខសង្គមបានល្អ បានធ្វើអោយកម្ពុជា បន្តសម្រេចបាននូវសមិទ្ធផលថ្មីៗ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកែលម្អរជីវភាពរស់នៅរបស់ប្រជាជនកាន់តែ ប្រសើរឡើង។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានផ្ដោតការជម្រាបជូនពីភាពរីកចម្រើននៃវិស័យសុខាភិបាល វិស័យសង្គមកិច្ចក្នុងខេត្តកំពង់ចាម ដែលគណៈកម្មការចង់ស្វែងយល់ថា ក្នុងទូទាំង ខេត្តមានមន្ទីរពេទ្យខេត្តកំពង់ចាម(CPA3)មួយ ដែលជាប់ចំណាត់ថ្នាក់លេខ មួយទូទាំងប្រទេសលើការផ្ដល់សេវាល្អ មានមន្ទីរពេទ្យបង្អែក(CPA2) ចំនួន៤កន្លែង និងមន្ទីរពេទ្យបង្អែក(CPA1) ចំនួន៤កន្លែង មណ្ឌលសុខភាពសរុបចំនួន៩០កន្លែង ក្នុងនោះមានបុគ្គលិកសុខាភិបាល ចំនួន១៣៥៦នាក់។ ចំណែកឯការផ្គត់ផ្គង់ឱសថ និងបរិក្ខារពេទ្យ ដល់មូលដ្ឋានសុខាភិបាលសាធារណៈទូទាំងខេត្តមានការកើនឡើងជារៀងរាល់ឆ្នាំ។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមទៀតថា សព្វថ្ងៃនេះ ខេត្តបានជួយសម្រួល ដោះស្រាយបញ្ហាប្រឈមជាច្រើនរបស់ប្រជាពលរដ្ឋ ក្នុងនោះពាក់ព័ន្ធ ទៅលើការប្រើប្រាស់ប័ណ្ណ ប.ស.ស និងប័ណ្ណសមធម៌ សម្រាប់ប្រជាពលរដ្ឋក្រីក្រនៅក្នុងខេត្តកំពង់ចាម បានកាន់តែ ប្រសើរឡើងជាបន្តបន្ទាប់។ ឯកឧត្តមក៏បានជម្រាបជូនពីកង្វះខាតសម្ភារៈប្រើប្រាស់ និងធនធានមនុស្សនៅតាមមន្ទីរទាំងបួន ដែលស្នើសុំ គណៈកម្មការជួយធ្វើអន្តរាគមន៍រក ដំណោះស្រាយ។

លោកជំទាវ ឡោក ខេង បានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្ត ដែលខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពការផ្ដល់សេវាសុខាភិបាល ដល់ប្រជាពលរដ្ឋ ដែលធ្វើអោយខេត្តកំពង់ចាម ទទួលបានចំណាត់ថ្នាក់ល្អក្នុងការងារការផ្តល់សេវាសុខភាពនេះ។ លោកជំទាវប្រធាន គណៈកម្មការ បានស្នើអាជ្ញាធរខេត្ត បន្តផ្សព្វផ្សាយពីអត្ថប្រយោជន៏ការប្រើប្រាស់ប័ណ្ណ(ប.ស.ស) ប័ណ្ណសមធម៌ ជូនដល់បងប្អូន ប្រជាពលរដ្ឋបន្ថែមទៀត និងសូមជួយពង្រឹងបន្ថែម លើសហគមន៍មនុស្សចាស់នៅតាមឃុំ អោយមានដំណើរការបានកាន់តែប្រសើរ ឡើង។

លោកជំទាវ ឡោក ខេង បានស្នើឲ្យមន្ទីរពេទ្យខេត្ត ក៏ដូចជាមន្ទីរពេទ្យបង្អែកខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ ពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការព្យាបាល ជំងឺជូនប្រជាពលរដ្ឋ និងចូលរួមជួយពន្យល់ ណែនាំប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ និងព្យាបាលជំងឺអោយកាន់តែមាន ប្រសិទ្ធិភាពថែមទៀត។

ជាមួយគ្នានេះដែរ លោកជំទាវបានរំលឹកអាជ្ញាធរខេត្ត សូមមានការយកចិត្តទុកដាក់ ចំពោះការបំផ្លាញកាកសំណល់វេជ្ជសាស្រ្តរបស់ មន្ទីពេទ្យឯកជន អោយត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។  ចំពោះបញ្ហាប្រឈមដែលខេត្តបានលើកឡើង លោកជំទាវក៏បានសន្យាថា នឹងជួយធ្វើអន្តរាគមន៍ទៅតាម នីតិវិធីរបស់រដ្ឋសភា។

បន្ទាប់មកគណៈប្រតិភូគណ:កម្មការទី៨នៃរដ្ឋសភា បានអញ្ជើញចុះទៅពិនិត្យមើលមណ្ឌលសុខភាពកោះរកា មន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តដំណើរ ទៅមើលរោងចក្រមេតថេកខេមបូឌាខបលីមីតធីត (MEDTECS Cambodia Corp Limited) ផងដែរ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន