ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » គណៈប្រតិភូកិច្ចការបរទេសរដ្ឋសភា ជំរុញឲ្យក្រុង Jieyang ធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យទេសចរណ៍ និងវប្បធម៌
គណៈប្រតិភូកិច្ចការបរទេសរដ្ឋសភា ជំរុញឲ្យក្រុង Jieyang ធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យទេសចរណ៍ និងវប្បធម៌
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 2:07:54 AM )

នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ បានធ្វើទស្សនកិច្ចនៅទីក្រុង Jieyang និងបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម LI Shuihua អគ្គលេខាធិការមជ្ឈឹមបក្សក្រុង នាថ្ងៃទី២៦ ខែកុម្ភៈ​ ឆ្នាំ២០១៩។

Jieyang ជាទីក្រុងប្រវត្តិសាស្រ្តមួយរបស់ចិន ដែលប្រជាជនចិនធ្លាប់ស្ថិតនៅក្រោមអាណានិគមប្រទេសជប៉ុន ហើយបានក្រោកតស៊ូរហូតទទួលបាន ជោគជ័យ។​ បច្ចុប្បន្នទីក្រុងនេះ កំពុងទទួលបានការអភិវឌ្ឍ និងទាក់ទាញអ្នកទេសចរចូលមកទស្សនាយ៉ាងច្រើន។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម LI Shuihua ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់ថា ក្រុង Jieyang នឹងទទួលបានការអភិវឌ្ឍដូចជា ហុងកុង ម៉ាកាវ និងក្រុងគ័ងចូវ ក្នុងពេលឆាប់ៗនេះ។ នៅក្នុងជំនួបពិភាក្សានេះ បានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិត រមួតរវាងរដ្ឋាភិបាលកម្ពុជា និងចិន ដែលកំពុងទទួលបានផ្លែផ្កាជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទំាងពីរ។ ឯកឧត្តម ឈាង វុន បានលើកឡើង ថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាមានចក្ខុវិស័យច្បាស់លាស់នៅក្នុងការអភិវឌ្ឍប្រទេសជាតិ និងបានបើក ចំហ គំាទ្រយ៉ាងពេញទំហឹងដល់អ្នកវិយោគគិនបរទេស។  ឯកឧត្តមបានលើកទឹកចិត្ត និងគំាទ្រដល់ក្រុង Jieyang ធ្វើកិច្ចសហប្រតិបត្តិការគ្នាជាមួយ កម្ពុជាលើវិស័យទេសចរណ៍ និងវប្បធម៌ ជាដើម។

ប្រធានគណៈប្រតិភូរដ្ឋសភាកម្ពុជា ក៏បានអញ្ជើញ ឯកឧត្តម LI Shuihua អគ្គលេខាធិការមជ្ឈឹមបក្សក្រុង Jieyang និងសហការី មកបំពេញ ទស្សនកិច្ចជាផ្លូវការនៅកម្ពុជា តាមពេលសមស្របណាមួយផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន