ប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត ប្រធាន គណៈកម្មការ បានចុះសិក្សាស្វែងយល់ការងារដែលគណៈកម្មការទទួលបន្ទុក នៅក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។ ក្នុងដំណើរបេសកកម្មនេះ ជាដំបូងគណៈប្រតិភូបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធ។ នៅក្នុងជំនួបនោះ ឯកឧត្តម អោម ចន្ថា អភិបាលស្តីទីខេត្តបន្ទាយមានជ័យ បានជម្រាបជូនប្រតិភូរដ្ឋសភាពីវឌ្ឍនភាពក្នុងខេត្ត ដោយក្នុងនោះមានការងារបរិស្ថានផងដែរ។ ខេត្ត បន្ទាយមានជ័យ បានអប់រំ និងផ្សព្វផ្សាយពីច្បាប់ និងការគ្រប់គ្រងរដ្ឋបាល ចំពោះបរិស្ថាន និងធនធានធម្មជាតិដល់ពលរដ្ឋ។ អភិបាលស្តីទីខេត្តបានគូសបញ្ជាក់ថា ខេត្តបានផ្សព្វផ្សាយការគ្រប់គ្រងតំបន់ការពារធម្មជាតិ លក្ខន្តិកៈសហគមន៍ការពារធនធានធម្មជាតិ និងការគ្រប់គ្រងសំណល់រឹងរាវតាមសហគមន៍ជាដើម។ ឯកឧត្តម អោម ចន្ថា បានមានប្រសាសន៍បន្តថា ខេត្តបានយកចិត្តទុកដាក់លើការងារបរិស្ថាន ថែរក្សាអនាម័យបរិស្ថាននៅតាមទីប្រជុំជន ជាពិសេសការទុកដាក់សំរាម និងការការពារធនធានធម្មជាតិ ប្រាសាទបុរាណ ដូចជាតំបន់ប្រាសាទ បន្ទាយឆ្មារជាដើម។ ក្រៅពីនេះ អាជ្ញាធរបានចុះល្បាត ទប់ស្កាត់បទល្មើសនេសាទ ការបរបាញ់សត្វព្រៃ បទល្មើសកាប់ឈើ ជាដើម។ នៅក្នុងជំនួបពិភាក្សាដែលមានលក្ខណៈបែបចំហរ ដើម្បីជំរុញប្រសិទ្ធភាពការងាររដ្ឋបាលឲ្យកាន់តែល្អប្រសើរឡើងនេះ ប្រធានមន្ទីរបរិស្ថានខេត្ត បន្ទាយមានជ័យក៏បានលើកឡើងពីសំណូមពរ ផលលំបាកក្នុងការអនុវត្តច្បាប់ដល់គណៈកម្មការជំនាញរដ្ឋសភាផងដែរ។ លោកប្រធានមន្ទីរបាន លើកឡើងដូចជា ការចូលនិវត្តន៍ជាបន្តបន្ទាប់របស់មន្រ្តីចាស់ៗ បានធ្វើឲ្យមានការខ្វះខាតមន្រ្តីបម្រើការងារ។ ការខ្វះមធ្យោបាយបំពេញការងារពេល ចុះល្បាតព្រៃ និងបានស្នើសុំក្របខ័ណ្ឌមន្ត្រីឧទ្យានុរក្ស០១រូបបន្ថែម ក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្ម។ ឯកឧត្តម ជា វ៉ាន់ដេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងាររបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងការបម្រើប្រទេសជាតិ មាតុភូមិ ពិសេសលើកិច្ចការពារបរិស្ថាន ដែលជាការងារមួយមានការលំបាក និងស្មុគស្មាញ។ ឯកឧត្តមបានស្នើសូមឲ្យមានការផ្សព្វផ្សាយអប់រំដល់ ពលរដ្ឋបន្ថែមទៀតពីការងារបរិស្ថាននេះ។ ការការពារបរិស្ថានជាការងាររួម តម្រូវឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមទំាងពលរដ្ឋផង។ ចំពោះការខ្វះខាត និងសំណូមពរនានា ឯកឧត្តម ជា វ៉ាន់ដេត សន្យាថា នឹងពាំនាំបញ្ហាទំាងនោះ ជម្រាបជូនរាជរដ្ឋាភិបាល ដោះស្រាយតាមរយៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យរួចហើយ ក្នុងថ្ងៃដដែលនោះ ប្រតិភូគណៈកម្មការជំនាញរដ្ឋសភា បានបន្ត ដំណើរចុះពិនិត្យស្ថានីយ៍ចម្រោះទឹកស្អាតសហគមន៍ត្រពាំងព្រៃ ស្ថិតនៅឃុំភ្នំដី ស្រុកភ្នំស្រុក។ ចុះពិនិត្យសត្តឃាតដ្ឋាននៅក្រុងសិរីសោភ័ណ។ ចុះពិនិត្យសហគមន៍ដំណាំផ្លែតាង៉ែន និងទីតាំងចាក់សម្រាមនៅក្រុងប៉ោយប៉ែត។ គណៈកម្មការជំនាញរដ្ឋសភា បានជូនថវិកាចំនួន៣០០ដុល្លារ លើកទឹកចិត្តដល់សហគមន៍ដំណាំផ្លែតាង៉ែន ផងដែរ៕
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន