ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » រដ្ឋសភាកម្ពុជា បានជម្រាបអង្គទូតនានានៅភ្នំពេញពីការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ APPF របស់សភាកម្ពុជា
រដ្ឋសភាកម្ពុជា បានជម្រាបអង្គទូតនានានៅភ្នំពេញពីការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ APPF របស់សភាកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 1:11:17 AM )

ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មការរៀបចំកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានជម្រាបអង្គទូតនានាដែលប្រចំានៅព្រះរាជាណាចក្រកម្ពុជា ពីការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក របស់សភាកម្ពុជា។

ការជម្រាបដល់អង្គទូតនានាពីព្រឹត្តិការណ៍ដ៏សំខាន់នេះ បានធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ខណៈដែលកិច្ចប្រជុំ លើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នឹងចាប់ផ្តើមនៅថ្ងៃទី១៤​ ខែមករាខាងមុខនេះ។ នៅក្នុងជំនួបជាមួយអង្គទូតនានានោះ ឯកឧត្ដម ឈាង វុន​ បានគូសបញ្ជាក់ថា កិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នឹងប្រារព្ធធ្វើឡើងនៅលើទឹកដីអង្គរ នាខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤​ ដល់ថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០១៩។

ឯកឧត្តមបានបន្តថា​ ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដ៏សំខាន់របស់អង្គការសភាដ៏ធំមួយនេះ គឺជាការចូលរួមចំណែករបស់សភាកម្ពុជាក្នុងការ កសាងសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់តំបន់ និងពិភពលោក តាមរយៈយន្តការសភា ដែលយកការជជែក ការចចារជាធំ។ ឯកឧត្តម ឈាង វុន បានគូសបញ្ជាក់បន្ថែមថា ការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះទៅកើត​ ក៏ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថេរភាព នយោបាយ និងការអភិវឌ្ឍផងដែរ។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក​ ដែលហៅកាត់ថាAPPF មានសមាជិកចំនួន២៧ប្រទេស។ គណៈប្រតិភូសភា២១ប្រទេស​ គ្រោងនឹងអញ្ជើញមកចូលរួម កិច្ចប្រជុំប្រចំាឆ្នាំនៅកម្ពុជានាពេលនេះ ដោយសរុបគណៈប្រតិភូបរទេសប្រមាណ៣០០នាក់។

សូមជម្រាបថា​ សភាកម្ពុជាចូលជាសមាជិកវេទិកា​ ឬអង្គការសភាជាច្រើននៅក្នុងតំបន់ និងសកលលោក មានដូចជា សហភាពអន្តរសភា(IPU) អន្តរសភាអាស៊ាន(AIPA) សភាតំបន់អាស៊ី(APA) សភានិយាភាសាបារំាង(APF) និងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនេះជាដើម។ ជាសមាជិកវេទិកា អង្គការសភាទំាងនោះ សភាកម្ពុជាបានចូលរួមយ៉ាងសកម្ម និងបានទទួលធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ មហាសន្និបាត ជាបន្តបន្ទាប់។

ដោយឡែក កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃវេទិកាកិច្ចប្រជុំសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ នាពេលនេះ ត្រូវបាន ឯកឧត្តម ឈាង វុន គូសបញ្ជាក់ថា បានលើកយកប្រធានបទសំខាន់​ គឺការពង្រឹងតួនាទីសភាដើម្បីជំរុញសន្តិភាព សន្តិសុខ និងការអភិវឌ្ឍដោយចីរភាពគឺក្នុងគោលបំណងចែករំលែក បណ្តាសមាជិកសភា នៃវេទិកាកិច្ចប្រជុំសភាអាស៊ី-ប៉ាស៊ីហ្វិក ពីសន្តិភាពដែលព្រះរាជាណាចក្រកម្ពុជា ទទួលបានពីនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្សះផ្សាបញ្ចប់សង្គ្រាមរាំរៃនៅកម្ពុជា កាលពីឆ្នាំ១៩៩៨៕

អត្ថបទ​ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន