រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » គណៈកម្មការទី៩ » សកម្មភាព » ស្របពេលកម្ពុជាកំពុងអភិវឌ្ឍន៍អាកាសយានដ្ឋាន ច្បាប់អាកាសចរណ៍ស៊ីវិលគ្រោង ធ្វើវិសោធនកម្មឲ្យស្របតាមការរីកចម្រើនវិស័យអាកាសចរណ៍
ស្របពេលកម្ពុជាកំពុងអភិវឌ្ឍន៍អាកាសយានដ្ឋាន ច្បាប់អាកាសចរណ៍ស៊ីវិលគ្រោង ធ្វើវិសោធនកម្មឲ្យស្របតាមការរីកចម្រើនវិស័យអាកាសចរណ៍
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/7/2019 1:10:30 AM )

ថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានស្នើដល់គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ជួយគំាទ្រលើសំណើធ្វើវិសោធនកម្មច្បាប់អាកាសចរណ៍ ស៊ីវិល លើមាត្រាមួយចំនួន ដែលទាក់ទងនឹងវិស័យអាកាសចរណ៍ ដើម្បីជាយន្តការគតិយុត្ត ជួយក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍ នៅព្រះរាជា- ណាចក្រកម្ពុជា ឲ្យកាន់តែរីកចម្រើនស្របតាមសភាពការណ៍ជាក់ស្តែង។

សំណើនេះ បានធ្វើឡើងខណៈដែលកម្ពុជាបានលើកឡើង ពីគម្រោងអភិវឌ្ឍន៍​អាកាសយានដ្ឋានអន្តរជាតិទំាងបី​របស់ខ្លួន គឺអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។  ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានលើកសំណើ សូមរដ្ឋសភាគំាទ្រដល់ការធ្វើវិសោធនកម្មច្បាប់នេះ ខណៈដែល លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ដឹកនាំសមាជិកចុះសិក្សាស្វែងយល់ពីវិស័យអាកាសចរណ៍ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានជម្រាបជូនគណៈកម្មការជំនាញរដ្ឋសភាបន្តថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ វិស័យអាកាសចរណ៍ស៊ីវិល មានការរីកចម្រើន ដោយបានប្រែខ្លួនពីស្ថានភាពមួយ ដែលមានការខ្វះខាតផ្នែកធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន មកស្ថានភាពមួយដែល មានសមត្ថភាព។ ស្ថាប័នអាកាសចរណ៍ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ វិស័យអាកាសចរណ៍ត្រូវបានអភិវឌ្ឍន៍ និងកែលម្អជាបន្តបន្ទាប់ ឆ្លើយតបបាន ទៅនឹងកំណើនអ្នកធ្វើដំណើរដែលកើនឡើងជាលំដាប់។ ឯកឧត្តមបន្តថា នៅពេលបច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជាកំពុងធ្វើការអភិវឌ្ឍ​អាកាសយាន​ដ្ឋានអន្តរជាតិរបស់ខ្លួនចំនួនបី គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរាជធានីភ្នំពេញ អាកាសយាន​ដ្ឋាន​​អន្តរជាតិខេត្តសៀម​រាប និងអាកាសយានដ្ឋានកងកេងក្នុងខេត្តព្រះសីហនុ ដែលគម្រោងអភិវឌ្ឍ​ន៍​​អាកាស​យាន​ដ្ឋានអន្តរជាតិទំាងបីនេះ ស្ថិតនៅក្នុងគំរោង​អភិវឌ្ឍ​ន៍​​​សម្បទាន​របស់ប្រទេសបារាំង។

លោកជំទាវ និន សាផុន បានគំាទ្រចំពោះសំណើខាងលើ និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនវិស័យអាកាសចរណ៍កម្ពុជា។ លោកជំទាវ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែ​ន បានដាក់ចេញនូវគោលនយោបាយបើកចំហ ជើងមេឃ។ គោលនយោបាយនេះ បាននឹងកំពុងប្រែក្លាយប្រ​ទេសកម្ពុជាទៅជាមជ្ឈមណ្ឌលអាកាសចរណ៍ និងទេសចរណ៍មួយដែលមានភាព ទាក់ទាញក្នុងតំបន់ និងពិភពលោក។ តាមរយៈការដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ និងត្រឹមត្រូវកម្ពុជា សម្រេចបាននូវសមិទ្ធផលជាច្រើន ពិសេសកំណើនសេដ្ឋកិច្ចខ្ពស់ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនគួរឱ្យកត់សម្គាល់។

លោកជំទាវប្រធានគណៈកម្មការ បានគូសបញ្ជាក់ថា វិស័យអាកាសចរណ៍ស៊ីវិល ជាវិស័យ​មួ​យដ៏សំខាន់នៅក្នុងសម័យកាលនេះ ជាសក្តានុពល ធ្វើដំណើរ និងដឹកជញ្ជូន ដែលមិនអាចខ្វះបានពីកម្ពុជាទៅកាន់ពិភពលោក ឬពីពិភពលោកមកម្ពុជា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន