ទំព័រមុខ » គណៈកម្មការទី៥ » សកម្មភាព » ឯកឧត្ដម ឈាង វុន ប្រជុំក្រុមការងារវិស័យទាំង៥នៃកិច្ចប្រជុំ APPF លើកទី២៧ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារតាមវិស័យនីមួយៗ
ឯកឧត្ដម ឈាង វុន ប្រជុំក្រុមការងារវិស័យទាំង៥នៃកិច្ចប្រជុំ APPF លើកទី២៧ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារតាមវិស័យនីមួយៗ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/6/2019 7:10:58 PM )

ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការរៀបចំ ជាប្រធានគណៈប្រតិភូសភាកម្ពុជា សម្រាប់ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានដឹកនាំ កិច្ចប្រជុំក្រុមការងារទទួលបន្ទុករៀបចំខ្លឹមសារវិស័យទាំង៥ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APPF លើកទី២៧ ដើម្បីពិនិត្យមើលពីវឌ្ឍនភាពការងារ និងស្ដាប់របាយការណ៍តាមវិស័យនីមួយៗ។

កិច្ចប្រជុំនេះបានរៀបចំឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាប្រធាន អនុប្រធានក្រុមការងាររៀបចំខ្លឹមសារវិស័យទាំង៥ និងមន្រ្តីនៃលេខាធិការដ្ឋានជាតិAPPF។

នៅក្នុងការត្រៀមរៀបចំ​កិច្ច​ប្រជុំប្រចាំឆ្នាំAPPFលើកទី២៧នេះ សភាកម្ពុជាបានរៀបចំបែងចែកក្រុមការងារ ដើម្បីចូលរួមប្រជុំ និងរៀបចំខ្លឹមសារទទួល បន្ទុកតាមវិស័យផ្សេងៗគ្នាចំនួន៥ ក្នុងនោះមានដូចជា វិស័យសមាជិកសភាស្រ្តី វិស័យន​យោ​បាយ និងសន្តិសុខ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ​វិស័​យ​កិច្ចសហប្រតិបត្តិការក្នុង​តំបន់ និង​វិស័យអនាគតAPPF។

ឯកឧត្ដម ឈាង វុន បានមានប្រសាសន៍ថា ឯកឧត្ដមបានដឹងថា ក្រុមការងារតាមវិស័យនីមួយៗ បានខិតខំបំពេញការងាររបស់ខ្លួនទៅតាមប្រតិទិន ដែលបានកំណត់ ដែលមានវិស័យខ្លះបានរៀបចំស្ទើតែរួចរាល់អស់ហើយ។

ក្នុងកិច្ចប្រជុំនាពេលនេះ ក្រុមការងារតាមវិស័យមួយចំនួន បានធ្វើសេចក្ដីរាយការណ៍អំពីលទ្ធផលការងារដែលបានបំពេញនាពេលកន្លងមក និងនៅ មានចំណុចសេសសល់តិចតួចដែលត្រូវបន្តធ្វើឲ្យបានចប់សព្វគ្រប់នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៨នេះ។ ជាការកត់សម្គាល់ ចំណុចដែលវិស័យនានាត្រូវ បន្តធ្វើគឺរៀបចំខ្លឹមសារបទអន្តរាគមន៍សម្រាប់ប្រធានក្រុមការងារតាមវិស័យទាំង៥ ថ្លែងនៅក្នុងកិច្ចប្រជុំតែប៉ុណ្ណោះ។

ឯកឧត្ដម ឈាង វុន បានមានប្រសាសន៍ថ្លែងកោតសរសើរចំពោះការរៀបចំខ្លឹមសាររបស់វិស័យទាំង៥ ដែលមានលក្ខណៈល្អប្រសើរជាងកិច្ចប្រជុំមុនៗ ដោយពេលនេះ ក្រុមការងារបានរៀបចំទាំងសេចក្ដីព្រាងសេចក្ដីសម្រេច និងមានទាំងឯកសារជំនួយស្មារតីថែមទៀត។

ឯកឧត្ដម ក៏បានជំរុញឲ្យក្រុមការងារ បន្តរៀបចំខ្លឹមសារបទអន្តរាគមន៍សម្រាប់ប្រធានក្រុមការងារតាមវិស័យ ឡើងថ្លែងនៅក្នុងកិច្ចប្រជុំឲ្យបានឆាប់ រួចរាល់។

ឯកឧត្ដម ឈាង វុន បានមានប្រសាសន៍ថា ឯកឧត្ដមនឹងរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំពេលនេះ ជម្រាបជូន ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក AFFP លើកទី២៧ នៅពេលដែល ឯកឧត្ដមបណ្ឌិត អញ្ជើញមកពីបំពេញបេសកកម្មនៅឯក្រៅប្រទេសវិញ។

សូមជម្រាបថា រហូតមកដល់ពេលនេះ នៅសល់ពេលតែជាង១ខែទៀតតែប៉ុណ្ណោះ កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំធ្វើឡើងនៅលើទឹកដីអង្គរនៃខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ខាងមុខ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន