នៅក្នុងឱកាសឆ្លើយតបចំពោះការសាកសួររបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដែលមាន ឯកឧត្តម ជា វ៉ាន់ដេត ជាប្រធាន នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ក្រសួងមានគោលដៅប្រែក្លាយទីជនបទឲ្យក្លាយជាតំបន់អភិវឌ្ឍន៍និងធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្នុងជីវភាពសមរម្យ។
ឯកឧត្តមបណ្ឌិតមានប្រសាសន៍បន្តថា ចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺធ្វើឱ្យសម្រេចនិងពន្លឿនការកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ នៅតំបន់ជនបទ ឱ្យធ្លាក់ចុះក្នុងកម្រិតអប្បបរមា និងជំរុញកំណើនសេដ្ឋកិច្ចជនបទ ឱ្យមានភាពប្រហាក់ប្រហែលនឹងទីប្រជុំជន នៅឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ក្រសួងមានគោលដៅ ធានាប្រសិទ្ធភាព និងគណនេយ្យភាពនៃអភិបាលកិច្ចល្អក្នុងការផ្តល់សេវា សាធារណៈឱ្យដល់ថ្នាក់មូលដ្ឋានតាមរយៈការជួសជុល ថែទាំ សាងសង់ និងកែលំអហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ការអភិវឌ្ឍសហគមន៍ជនបទ ការផ្តល់ឥណទានជនបទ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមូលដ្ឋានដល់ប្រជាពលរដ្ឋ ព្រមទាំងវិស័យដទៃៗទៀត។
ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ក៏បានឲ្យដឹងដែរថា ចាប់ពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៣ ក្រសួងមានគោលដៅបន្តសាងសង់ផ្លូវជនបទ ជួសជុល និងថែទាំផ្លូវដែលរងការខូចខាតដោយសារ ទឹកជំនន់ ការដឹកលើសទម្ងន់ ឬខូចខាតដោយសារការប្រែប្រួលអាកាសធាតុ និងមានការសាងសង់ ស្ពានបេតុង ទំនប់បង្ហៀរ សំណង់លូបង្ហូរទឹកជាដើម។ ក្នុងនោះក៏មានការជួសជុលផ្លូវទ្រង់ទ្រាយធំ ការជួសជុលផ្លូវបន្ទាន់ ការកែលំអផ្លូវពី ក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)ផងដែរ។
ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានបន្ថែមទៀតថា ក្រៅពីការងារជួសជុល ថែទាំ សាងសង់ និងកែលំអហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ក្រសួងបាន បង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋាននៅតាមខេត្តគ្រប់ខេត្ត និងការបង្កើតឱ្យមានមជ្ឈមណ្ឌលបណ្តុះបណ្តាលចល័តថែមទៀត។
ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ និងគោលដៅច្បាស់លាស់ ក្នុងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ តាមរយៈការកសាងនិងថែទាំហេដ្ឋារចនាសម្ព័ន្ធជនបទ។
ប្រធានគណៈកម្មការជំនាញរដ្ឋសភា ក៏បានសម្តែងនូវការគាំទ្រចំពោះសកម្មភាពការងារ របស់ក្រសួងក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជនបទ ឱ្យមានភាពប្រហាក់ប្រហែលនឹងទីប្រជុំជននៅឆ្នាំ២០២៥ រួមទាំងការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញការងារផ្សេងៗនៅតំបន់ជនបទ៕
អត្ថបទនិងរូបភាពដោយនាយកដ្ឋានព័ត៌មាន







